សិទ្ធិទំនាក់ទំនងភេទនិងសិទ្ធិបន្តពូជ
វត្តី៖ សួស្ដី! បូរា ថ្ងៃនេះគ្នាមានរឿងចង់សួរឯងអំពីសិទ្ធិទំនាក់ទំនងភេទនិងសិទ្ធិបន្តពូជ!
ប៉ូរា៖ ហ្នឹងហើយវត្តី! ឆ្ងល់ច្រើនចេះច្រើនបើឯងមានអីឆ្ងល់ក៏សួរមកចុះ!
វត្តី៖ បូរា! តើអ្វីទៅជាសិទ្ធិផ្លូវភេទនិងសិទ្ធិបន្តពូជ?
ប៉ូរា៖ នែ វត្តី សិទ្ធិផ្លូវភេទនិងសិទ្ធិបន្តពូជ គឺជាការគោរពគ្នាទៅវិញទៅមករវាងបុរសនារី និងអ្នកពាក់ព័ន្ធទាក់ទង នឹងជីវិតផ្លូវភេទ សិទ្ធិផ្លូវភេទនិងសិទ្ធិបន្តពូជ ជាផ្នែកមួយនៃសិទ្ធិមនុស្ស។ មនុស្សនៅលើពិភពលោកភាគច្រើនប្រឈមមុខនឹងឧបសគ្គក្នុងការប្រើប្រាស់សិទ្ធិផ្លូវភេទនិងសិទ្ធិបន្តពូជ ដូចជា ហិង្សាផ្លូវភេទ ការរួមភេទដោយការបង្ខំ ឬគ្មានសុវត្ថិភាព រៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង បង្ខំឱ្យមានគភ៌ និងការរំលូតកូនជា ដើម។
វត្តី៖ អ៎! គ្នាយល់ហើយ
ប៉ូរា៖ នៅមិនទាន់អស់ទេវត្តី សិទ្ធិនេះរាប់បញ្ចូលពីគ្រប់ សមាសភាពសំខាន់នានាដូចជា...
វត្តី៖ ដូចជាអ្វីទៅប៉ូរា ឯងឆាប់និយាយមកគ្នាដូចជាចង់ដឹងណាស់
ប៉ូរា៖ សិទ្ធិនេះរាប់បញ្ចូលពីគ្រប់ សមាសភាពសំខាន់នានាដូចជា៖
1. ការកសាងទំនាក់ទំនងជិតស្និទ្ធរវាងដៃគូ
2. ការព្រមព្រៀងគ្នាទាំងសងខាង
3. មិនទទួលរងឥទ្ធិពលពីបុគ្គលនិងគ្រួសារ
4. ភាពស្និទ្ធស្នាលប្រកបដោយភាពផ្អែមល្ហែមរវាងដៃគូ
5. ភាពជឿជាក់ក្នុងរឿងផ្លូវភេទ
6. សេចក្តីសុខខាងផ្លូវភេទ។
វត្តី៖ អរគុណឯងហើយ ដែលបាននិយាយប្រាប់គ្នា
ប៉ូរា៖ អឺ! មិនអីទេវត្តី ហើយឯងមានអីចង់សួរគ្នាទៀតអត់
វត្តី៖ មានតើ! គ្នាចង់ដឹងថាតើសិទ្ធិផ្លូវភេទនិងសិទ្ធិបន្តពូជមានលក្ខណៈខុសគ្នាដូចម្តេច?
ប៉ូរា៖ សិទ្ធិផ្លូវភេទនិងសិទ្ធិបន្តពូជមានលក្ខណៈប្រហាក់ប្រហែលគ្នា។ សិទ្ធិផ្លូវភេទជាទូទៅរាប់បញ្ចូលទាំង ការគ្រប់គ្រងរបស់បុគ្គលម្នាក់ៗលើសកម្មភាពផ្លូវភេទ និងសុខភាពផ្លូវភេទរបស់គេ។ សិទ្ធិបន្តពូជ ជាទូទៅ ពាក់ព័ន្ធនឹងការគ្រប់គ្រង ការសម្រេចចិត្តនានាលើបញ្ហាមានកូននិងការបន្តពូជ។ ភាគច្រើននៃសិទ្ធិទាំងនេះ ត្រូវបានទទួលស្គាល់នៅក្នុងកិច្ចព្រមព្រៀងអន្តរជាតិនានា។
វត្តី៖ អ៎! ចឹងផង ចុះយើងអាចមានសិទ្ធិធ្វើការសម្រេចចិត្តមិនមានស្នេហាជាមួយមនុស្សដែលយើងមិនស្រលាញ់ឬយ៉ាងណា?
ប៉ូរា៖ មនុស្សមានសិទ្ធិធ្វើការសម្រេចចិត្តថា មាន ឬមិនមានស្នេហា ជាមួយនឹងមនុស្សដែលគេចង់បាន។ ពួកគេអាចចៀសវាងការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេងពេក ឬការរៀបអាពាហ៍ពិពាហ៍ដែលផ្ទុយនឹង
ឆន្ទៈរបស់ខ្លួន។ ម្យ៉ាងវិញទៀតគេក៏អាចមានទំនាក់ ទំនងជិតស្និទ្ធជាមួយនឹងអ្នកផ្សេងដែលមានភេទដូចគ្នាផងដែរ។
វត្តី៖ បូរា ចុះការរួមភេទជាមួយអ្នកណាម្នាក់ដែលគ្មានការព្រមព្រៀងតើមានទោសដែអត់?
ប៉ូរា៖ការរួមភេទជាមួយអ្នកណាម្នាក់ដែលគ្មានការព្រមព្រៀងស្មើនឹងការរំលោភ ហើយ ច្បាប់នឹងដាក់ទោស។ មនុស្សស្រី ប្រុស មានសិទ្ធិសម្រេចចិត្តថា តើពេលណាដែលត្រូវមានគភ៌ ឬមានកូន តាមរយៈការពិគ្រោះយោបល់គ្នាទៅវិញទៅមកដោយការគោរព។
វត្តី៖ អ៎! មែនហើយ គ្នាធ្លាប់លឺគេថាសិទ្ធិផ្លូវភេទ និងសិទ្ធិបន្តពូជក៏ត្រូវអនុវត្តចំពោះមនុស្សវ័យក្មេងផងដែរ តើពិតដែរឬទេ!
ប៉ូរា៖ ជាការពិតណាស់វត្តី សិទ្ធិផ្លូវភេទ និងសិទ្ធិបន្តពូជក៏ត្រូវអនុវត្តចំពោះមនុស្សវ័យក្មេងផងដែរ មានដូចជា៖
- កុមារមានសិទ្ធិអភិវឌ្ឍរាងកាយ និងរឿងផ្លូវភេទរបស់ខ្លួន។ កុមារមានសិទ្ធិចាកផុតពី ការរំលោភបំពាន និងការប៉ះពាល់ដោយមិនសមរម្យ។
- កុមារត្រូវការការជួយក្នុងការសម្រេចចិត្ត ការតម្រង់ទិស និងការណែនាំដែលមនុស្ស ពេញវ័យជាអ្នកថែរក្សានិងផ្ដល់ឱ្យថែមទាំងគិតពិចារណាលើឧត្តមប្រយោជន៍កុមារក្នុងការប្រើប្រាស់សិទ្ធិដោយខ្លួនឯង។
- មនុស្សវ័យក្មេងមានសិទ្ធិទទួលបានព័ត៌មាន ដើម្បីការពារសុខភាពរបស់គេដោយរាប់បញ្ចូលទាំងសិទ្ធិផ្លូវភេទ និងសិទ្ធិបន្តពូជផងដែរ។
វត្តី៖ អរគ្នាយល់ហើយចឹង! អរគុណឯងណាស់ប៉ូរាដែលបានជួយស្រាយចម្ងល់គ្នារហូតមក។
ប៉ូរា៖ អើ! មិនអីទេ តែបើឯងមានអ្វីមិនទាន់ច្បាស់ឯងអាចសួរគ្នាបានណា!
វត្តី៖ចាស! អរគុណច្រើនប៉ូរា!
ប្រភពនិងឯកសារយោង៖
ឯកសារយោង៖ ក្រសួងអប់រំយុវជននិងកីឡា សៀវភៅថ្នាក់ទី១១ បោះពុម្ភ ថ្ងៃទី៩ខែមីនា ឆ្នាំ២០២១ ជំពូក៣ មេរៀនទី២ ទំព័រទី៦០
ទាញយកឯកសារ
អប់រំសុខភាពថ្នាក់ទី១១