ការមានរដូវ
បទអន្តរាគមន៍អ្នកអត្ថាធិប្បាយ៖
សួស្តីប្អូនៗ ក្រោយពីបានយល់ដឹងពីភាពការបម្រែបម្រួលរាងកាយវ័យជំទង់ យើងនឹងស្វែងយល់បន្ថែមទៀតអំពីការមានរដូវរបស់យុវតីវ័យជំទង់(ក្មេងស្រីវ័យជំទង់)។ ការស្វែងយល់នេះជាចំណេះដឹងដ៏សំខាន់សម្រាប់ក្មេងស្រីវ័យជំទង់ក្នុងការថែសុខភាពរបស់ខ្លួន ឬមាតាបិតា អាណាព្យាបាលក្នុងការពន្យល់ណែនាំបន្ថែមពីរបៀបថែខ្លូនរបស់កូនស្រីក្នុងដំណាក់កាលនេះ។ បុរសឬក្មេងប្រុស មានភាពសំខាន់ ក្នុងការយល់ដឹងពីបញ្ហានេះ ព្រោះថាវានឹងត្រូវកើតមានចំពោះស្រីគ្រប់រូបដែលអាចមានម្តាយ សាច់ញាតិ បងប្អូនស្រី មិត្តភក្តិជាស្ត្រី ដែលពួកគេអាចមានអារម្មណ៍តានតឹងខុសធម្មតាក្នុងដំណាក់កាលនេះ ដែលបុរសឬក្មេងប្រុស អាចសម្របខ្លួន យល់អធ្យាស្រ័យចំពោះទង្វើ សម្តីដែលអាចប៉ះពាល់ដល់អាម្មណ៍ ហើយជាផ្នែកមួយដ៏សំខាន់នៃការយល់ដឹងរបស់បុរសនិងក្មេងប្រុសក្នុងការលើកកម្ពស់សមភាពនិងសមធម៌យេនឌ័រ។
យប់មួយនៃថ្ងៃពេញវ័យដំបូងរបស់វត្តី ពេលនាងភ្ញាក់ស្រាប់តែឃើញឈាមប្រឡាក់សំពត់របស់នាង នាងមានអារម្មណ៍ភ័យជាខ្លាំង រួចប្រាប់ម្តាយនាងថា
សូមស្តាប់ការសន្ទនារវាង វត្តី និង ម្តាយនាង ឈ្មោះ បុប្ផា អំពីការមានរដូវដំបូងរបស់ក្មេងស្រីវ័យជំទង់៖
វត្តី៖ ម៉ែ! ម៉ែ! ម៉ែ!
ម្តាយវត្តី៖ ចាស! ចាស! តើមានរឿងអីនិងមិចក៏ស្រែកស្លន់ស្លោម្លេះកូន?
វត្តី៖ ម៉ែ! ម៉ែ! យប់មិញកូនគេងធម្មតាសោះ ស្រាប់តែព្រឹកឡើងមានឈាមប្រលាក់ពេញសំពត់កូន
កូនភ័យណាស់ម៉ែ។
ម្តាយវត្តី៖ អ៊! មិនអីទេកូន! វាជារឿងធម្មជាតិរបស់មនុស្សស្រីនៅពេលមានអាយុចន្លោះពី៩ឆ្នំាឡើងទៅនឹងមានរដូវធ្លាក់ជាធម្មតា។
វត្តី៖ អូ! ចឹងហ្អ៎ម៉ែ កូនខំតែភ័យ។ ប៉ុន្តែឥឡូវកូនមានអារម្មណ៍ថាឈឺ ហើយអត់សូវស្រូលខ្លួនទេម៉ែ។
ម្តាយវត្តី៖ មិនអីទេ ឥឡូវកូនឯងរកកន្លែងអង្គុយអោយស្រួលសិនទៅ ហើយញុំាទឹកសិនទៅ ចាំម៉ែប្រាប់ពី
ការមានរដូវរបស់វ័យជំទង់។
វត្តី៖ ហ្នឹងហើយម៉ែ អត់អីទេឥឡូវខ្ញុំញុំាទឹក និងត្រៀមខ្លួនរួចហើយនិងអង្គុយកន្លែងដែលស្រួលហើយ ចឹងម៉ែជួយប្រាប់ខ្ញុំបន្តិចមក!
ម្តាយវត្តី៖ នែកូន! ការមករដូវដំបូង(ឈាមរដូវ) ថ្ងៃខែបញ្ជាក់ពីលក្ខណៈធម្មជាតិរបស់ស្រ្តីពេលពេញវ័យឬខ្មែរយើងគេហៅថាពេញក្រមុំ (ចន្លោះអាយុពី ៩ឆ្នាំដល់ ១៧ឆ្នាំ)។ ជាធម្មតា ការមករដូវនេះមានរយៈពេលពី ៣ ទៅ ៧ថ្ងៃ។ម្យ៉ាងទៀតចន្លោះ នៃការមានរដូវនៅក្នុងខែនីមួយៗមួយទៅមួយទៀតគិតជាមធ្យម ២៨ ថ្ងៃ ឬអាចចន្លោះពី ២១ ទៅ ៣៥ ថ្ងៃ។
វត្តី៖ អ៎រ អីចឹងទេហ្អ៎! ចឹងមានន័យថាខ្ញុំពេញវ័យហើយចឹងម៉ែ? ចុះម៉ែខ្ញុំមានអារម្មណ៍ថាឈឺចាប់ ហើយមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន តើវាជាជំងឺមែនទេ?
ម្តាយវត្តី៖ នែកូន! ការមករដូវអាចបណ្តាលអោយមានការឈឺពោះឬឈឺក្បាល ឬមានអារម្មណ៍មិនស្រួលខ្លួនចំពោះស្រ្តីមួយចំនួនតែប៉ុណ្ណោះប៉ុន្តែវាមិនមែនជាជំងឺនោះទេ។ បើការមានរដូវលើសពី ៨ថ្ងៃ ឬមានឈាមធ្លាក់ខ្លាំងខុសប្លែក ធម្មតា ស្ត្រីត្រូវពិគ្រោះយោបល់ជាមួយអ្នកជំនាញផ្នែកសម្ភពនិងរោគស្រ្តីអ្នកមានបទពិសោធន៍ ឬទៅនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះបំផុត ។
វត្តី៖ អ៎រ ចឹងម៉ែអត់ជូនកូនទៅមណ្ឌលសុខភាពទេហ៎ម៉ែ?
ម្តាយវត្តី៖ មិនអីទេឥលូវមិនទាន់ទេបើកូនអែងមិនលើសពី៨ថ្ងៃផង មិនចាំបាច់ទៅពេទ្យក៏បានដែរ តែកូនត្រូវតែថែទាំសុខភាព។ ការមករដូវនិងឬក៏ឈាមរដូវនិងវាបញ្ចាក់ពីលណ្ខណះពេញវ័យរបស់ស្ត្រីក្នុងការបង្ករកំណើតចន្លោះពី៩ឆ្នាំទៅដល់១៧ឆ្នាំការចាប់ផ្តើមមករដូវនេះមានន័យថាក្មេងស្រីនិងពេញវ័យ ហើយមានផ្ទៃពោះប្រសិនបើមានការរួមភេទជាមួយបុរស។
វត្តី៖ អូ៎ ចឹង! ចឹងបើសិនជាស្ត្រីយើងក្នុងវ័យហ្នឹងមានការរួមភេទជាមួយបុរសអាចមានកូនផង?
ម្តាយវត្តី៖ ហ្នឹងហើយកូន យើងត្រូវប្រយ័ត្នព្រោះវ័យនិងយើងនឹងអាចមានកូន ក្មេងខ្លះមិនបានដឹងទេព្រោះចន្លោះវ័យនិងគាត់មិនបានទទួលព័ត៌មាន និងយល់ដឹងច្បាស់លាស់។
វត្តី៖ ម៉ែចុះបើសិនជាក្មេងស្រីពេលដែលមករដូវចឹង ត្រូវថែទាំអនាម័យខ្លួនប្រាណយ៉ាងដូចម្តេចខ្លះ?
ម្តាយវត្តី៖ ពេលមានរដូវ ត្រូវសម្អាតប្រដាប់ភេទឱ្យបាន២ ឬ៣ដងក្នុងមួយថ្ងៃជាមួយនឹងទឹកស្អាត។ បើប្រើសំឡីអនាម័យឬក្រណាត់អនាម័យស្រ្តី ត្រូវផ្លាស់ប្តូរ ឱ្យបានញឹកញាប់ (៣ ទៅ៤ ដង)។
បើប្រើកំណាត់សំពត់ ត្រូវបោកគក់ សម្អាតជាមួយទឹកនិងសាប៊ូ ហើយហាលឱ្យត្រូវពន្លឺថ្ងៃ ព្រោះកម្ដៅថ្ងៃអាចសម្លាប់មេរោគបាន។ ចៀសវាងការហែលទឹកត្រពាំង ឬទឹកទន្លេដែលកខ្វក់ អាចឆ្លងរោគ។
វត្តី៖ អ៎រ! អីចឹងទេហ៎ ម៉ែអត់ប្រាប់ខ្ញុំ។
ម្តាយវត្តី៖ អើ! មកពីកូនអែងទើបតែមានរដូវដំបូង ចឹងម៉ែមិនប្រាប់កូនអែងអោយបានដឹងនិងហ៎ា។
វត្តី៖ ម៉ែ! មិចបានជាមនុស្សស្រីយើងមករដូវចឹង?
ម្តាយវត្តី៖ នែកូន! ការមកឈាមរដូវ គឺជាការរបេះធ្លាក់នៃស្រទាប់ស្តើងៗ (ភ្នាសស្តើង) ខាងក្នុងនៃស្បូន ចេញ មកខាងក្រៅលាយឡំជាមួយឈាមតាមទ្វារមាសរបស់នារី។
បាតុភូតនេះបណ្ដាលមកពីការប្រែប្រួលអ័រម៉ូន ដែលកើតឡើងជាទៀងទាត់មួយខែម្ដងចំពោះស្រ្តីក្នុងវ័យបន្តពូជ។ជាធម្មតា ឈាមរដូវធ្លាក់ច្រើននៅថ្ងៃទី១ ឬទី២ ហើយបន្ទាប់មកកាន់តែតិចទៅៗ រហូតដល់អស់ ។
វត្តី៖ ម៉ែចុះពេលឈឺចាប់ពេលមករដូវ តើស្ត្រីមានអារម្មណ៍តានតឹងយ៉ាងណាខ្លះ? ហើយស្ត្រីគួរធ្វើយ៉ាងណាដើម្បីកាត់បន្ថយការឈឺចាប់នេះ?
ម្តាយវត្តី៖ សួរបានល្អកូន! នៅក្នុងអំឡុងពេលមានរដូវ ស្រ្តីមានអាការៈឈឺក្នុងពោះ ឈឺដើមទ្រូង អារម្មណ៍មួម៉ៅ ឬមានការឈឺក្បាលខ្លះៗ។ ស្រ្តីមួយចំនួនមានការឈឺចាប់ (ឈឺពោះផ្នែកខាងក្រោម) ក្នុងអំឡុងពេលមានរដូវដោយសារការកន្ត្រាក់ស្បូនដែលស្ថានភាពនេះជារឿងធម្មតានៃការមករដូវ។
ការហាត់ប្រាណ ការសម្រាក អាចកាត់បន្ថយការឈឺចាប់បាន។ ករណីដែលមិនបាត់ ស្រ្តីអាចប្រើថ្នាំ បំបាត់ការឈឺចាប់បាន។
វត្តី៖ អ៎រ! អីចឹងទេហ៎ កូនខំតែភ័យ។
ម្តាយវត្តី៖ អើ! មិនអីទេជាធម្មតាការមានរដូវ ដំបូងគឺកូនអាចភ័យអីចឹងហើយ តែកូនត្រូវស្វែងយល់និងថែទាំសុខភាពទៅល្អហើយ។
វត្តី៖ ចាស អរគុណម៉ែ។
ម្តាយវត្តី៖ មិនអីទេកូន ទៅមើលបោកគក់អាវសំពត់កូនអែងនិងទៅ ហើយត្រៀមសំឡីឬក្រណាត់អនាម័យស្រ្តី ទុកប្រើប្រាស់ផង។
ប្រភពនិងឯកសារយោង៖
ឯកសារយោង៖ ក្រសួងអប់រំយុវជននិងកីឡា សៀវភៅថ្នាក់ទី៥ បោះពុម្ភ ថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២១ ជំពូក២ មេរៀនទី៣ ទំព័រទី៦៦
ទាញយកឯកសារ
អប់រំសុខភាពថ្នាក់ទី៥