ភាពផ្សេងគ្នានៃផ្លូវភេទ

បូរ៉ា៖ ជាក្មេងប្រុសវ័យជំទង់ដែលមានទំនោរស្រលាញ់ភេទដូចគ្នា ហើយមានភាពជិតស្និតជាមួយវត្តី ពួកគេតែងជជែក និងចែករំលែកចំណេះដឹងនានាជុំវិញភាពប្រែប្រួលវ័យជំទង់។ ឥឡូវនេះប្អូនៗនឹងបានស្វែងយល់បន្ថែមទៀតពីភាពផ្សេងគ្នានៃផ្លូវភេទ តាមរយៈការសន្ទនារវាង វត្តី និង បូរ៉ា៖

 

វត្តី៖ បូរ៉ា​! យើងសួរឯងមួយមើល?

បូរ៉ា៖ សួរមកវត្តី! ឯងមានរឿងអី ជជែកគ្នារាល់តែថ្ងៃហើយធ្វើឯងមកសួរអីណា?

វត្តី៖  នែ! បូរ៉ាគ្នាឆ្ងល់ណាស់​ ហេតុអ្វីបានជាមនុស្សយើងហា៎ ឃើញក្មេងប្រុសខ្លះស្រឡាញ់ស្រី ហើយក្មេងប្រុសខ្លះស្រឡាញ់ប្រុស មិចបានមនុស្សយើងប្លែកៗពីគ្នាចឹងណ៎?

បូរ៉ា៖ អើ! ឯងនិយាយដូចជាចង់ឌឺគ្នាម៉ងហា៎។ នែ៎ វត្តី! ភាពខុសគ្នានៃចំណង់ ឥរិយាបថ និងអត្តសញ្ញាណយេនឌ័ររបស់មនុស្ស ត្រូវបានគេហៅថា ភាពផ្សេងគ្នានៃរឿងទំនោរផ្លូវភេទ។ មនុស្សម្នាក់ៗអាចមានអារម្មណ៍ស្រឡាញ់ ទាក់ទាញ និងចំណង់ផ្លូវភេទចំពោះមនុស្សភេទផ្សេងគ្នា ភេទដូចគ្នា ឬទាំងពីរភេទក៏បានដែរ។

វត្តី៖ អរចឹងផង! គ្នាទើបតែដឹង មើលបូរ៉ាឯងជួយប្រាប់គ្នាបន្តិចទៀតបានទេព្រោះអីគ្នាដូចអត់ទាន់ច្បាស់ តើឯងអាចប្រាប់គ្នាលម្អិតបន្តិចទៀតបានអត់?

បូរ៉ា៖ មិនអីទេ! មនុស្សមួយចំនួនបានស្រឡាញ់និងរួមភេទជាមួយភេទផ្ទុយគ្នា (បុរស និងនារី)  និងមួយចំនួនទៀត បានស្រឡាញ់និងរួមភេទជាមួយអ្នកមានភេទខុសគ្នា និងមានភេទដូចគ្នាផងដែរ​។

វត្តី៖ បូរ៉ា ចឹងរឿងនិងវាកើតតែក្នុងប្រទេសយើងឬយ៉ាងមិច?ចុះប្រទេសនៅលើពិភពលោកយ៉ាងមិចដែរ ឬ ក៏មានតែប្រទេសយើងទេ?

បូរ៉ា៖ មិនមែនទេវត្តី ភាពខុសគ្នានេះ គឺជារឿងពិតនៅលើពិភពលោក ហើយបានកើតឡើងនៅគ្រប់សង្គមទាំងអស់។ តែវាខុសគ្នាថាសង្គមខ្លះបានទទួលស្គាល់ការស្រលាញ់ភេទដូចគ្នា រីឯសង្គមខ្លះទៀតនៅមិនទាន់ទទួលស្គាល់ការស្រឡាញ់ភេទដូចគ្នានៅឡើយទេ។

វត្តី៖  ចឹង! ចុះហេតុអ្វីបានជាវាមានភាពខុសៗគ្នាចឹង?

បូរ៉ា៖ មនុស្សដែលមានអត្តសញ្ញាណយេនឌ័រខុសពីភេទដែលបានកំណត់ពីកំណើត គេហៅថា មនុស្សស្រលាញ់ភេទដូចគ្នា ។ មនុស្សស្រលាញ់ភេទដូចគ្នា អាចមានការទាក់ទាញពីមនុស្សភេទដូចគ្នា ភេទខុសគ្នា ឬទាំងពីរភេទ។

វត្តី៖ អូ៎រចឹង! ហើយចុះបូរ៉ាឯងមិចចុះ?

បូរ៉ា៖​​​ យី!​ ឯងនេះសួរអីចឹង! អានិងវាជារឿងឯកជនរបស់គ្នាតើ! គ្នាគិតមិចក៏បានដែរ!

វត្តី៖ អរ! សុំទោសបូរ៉ា គ្នាសុំទោស​ និងហើយវាជាសិទ្ធរបស់បូរ៉ាចឹងឱ្យគ្នាសុំទោសណា​ ព្រោះយើងមិនអាចវិនិច្ឆ័យ ឬក៏សួររឿង អត្តសញ្ញាណភេទចំពោះអ្នកផ្សេងបានទេ​ អរគុណឯងហើយដែលបានរំលឹកខ្ញុំ។

និងហើយបូរ៉ាអរគុណដែលមិនខឹងខ្ញុំដែលសួរអំពីរឯងបែបនេះ ប៉ុន្តែបូរ៉ាខ្ញុំចង់ដឹងបន្ថែម មូលហេតុអ្វីបានជាមនុស្សយើងមានចំណង់ផ្លូវភេទ ឬក៏ស្រឡាញ់ភេទដូចគ្នាផងផ្ទុយគ្នាផងឬក៏ទាំងពីរភេទចឹងហ្ន?

បូរ៉ា៖ វត្តី! មនុស្សយើងមួយចំនួនមិនចង់ឱ្យគេកំណត់ ឬចាត់ថ្នាក់ចំពោះបញ្ហាផ្លូវភេទ ឬអត្តសញ្ញាណផ្លូវភេទរបស់ពួកគេឡើយ។ ពិភពលោកនៅមិនទាន់ យល់ច្បាស់ពីមូលហេតុដែលបណ្តាលឱ្យបុគ្គលម្នាក់មាន ចំណង់ផ្លូវភេទចំពោះភេទដូចគ្នា ភេទផ្ទុយគ្នា ឬទាំងពីរភេទឡើយ។

វត្តី៖ អូ៎រចឹង! ចឹងគេអត់ទាន់រកពីមូលហេតុឃើញទេហ៎? ចុះបើសិនជាគេរកមូលហេតុមិនទាន់ឃើញចឹង តើយើងអាចធ្វើការផ្លាស់ប្ដូរចំណង់ផ្លូវភេទបានទេ?

បូរ៉ា៖ ទេ! ​វត្តី! ចំណង់ផ្លូវភេទនេះ មិនអាចផ្លាស់ប្តូរដោយសាសនា ការព្យាបាល ឬអន្តរាគមន៍ផ្នែកវេជ្ជសាស្ត្របានឡើយ។ ចំណង់ ផ្លូវភេទ ឬឥរិយាបថផ្លូវភេទ ឬអត្តសញ្ញាណផ្លូវភេទយេនឌ័ររបស់បុគ្គលម្នាក់ អាចផ្លាស់ប្ដូរទៅតាមពេលវេលា និងពីស្ថានភាពមួយទៅស្ថានភាពមួយទៀត។

វត្តី៖ អូរចឹង! ចឹងតើមនុស្សយើងអាចមានសិទ្ធស្រឡាញ់មនុស្សមានភេទដូចគ្នាឬក៏មិនដូចគ្នាបានហើយចឹង? តើវាមានទោសឬអត់?

បូរ៉ា៖ មិនអីទេ ឥរិយាបថទំនោរផ្លូវភេទរបស់មនុស្សមិនដូចគ្នាទេ មនុស្សជាច្រើនស្រឡាញ់ភេទផ្ទុយគ្នា ហើយក៏ មានមួយចំនួនទៀតជាអ្នកស្រឡាញ់ភេទដូចគ្នា និងខ្លះទៀតជាអ្នកស្រឡាញ់ភេទទាំងពីរផងដែរ។

វត្តី៖ អរ! ចឹងខ្ញុំយល់ហើយ ចឹងនេះក៏វាជាសិទ្ធរបស់បុគ្គលម្នាក់ៗដែរ តាស់។ ចុះការសម្រេចចិត្តផ្សេងៗនឹងវាជារឿងរបស់បុគ្គលឬក៏មនុស្សទាំងអស់គ្នាអាចមានសិទ្ធដឹងលឺបានដែរ?

បូរ៉ា៖ ទេ! ការសម្រេចចិត្តនិងជ្រើសរើសរកដៃគូរួមភេទគឺជាសិទ្ធិរបស់មនុស្សដោយផ្អែកលើការព្រមព្រៀង និងគោរពគ្នាទៅវិញទៅមក។ ភាពខុសគ្នា អត្តសញ្ញាណផ្លូវភេទយេនឌ័រ គឺជាជីវិតឯកជនរបស់មនុស្សម្នាក់ៗ។

វត្តី៖ អរ!បូរ៉ា គ្នាដើរលេងជាមួយឯងរាល់ដងជជែកគ្នាមិនដែលបានដឹងរឿងនឹងសោះ​​ ហេតុអ្វីបានជាពីមុនឯងមិនដែលនិយាយប្រាប់គ្នាផង។

ប៉ូរា៖ ធ្លាប់និយាយប្រាប់ខ្លះដែរ តែមកពីឯងមិនសូវចាប់អារម្មណ៍។ ចុះវត្តីឯងនឹងធ្វើអ្វីបន្តចុះ?

វត្តី៖អរគុណចំពោះការចែករំលែកចំណេះដឹងទាំងនេះ ខ្ញុំនឹងជួយចែករំលែកចំណេះដឹងនេះទៅមិត្តភក្តិយើងផងព្រោះពេលខ្លះមិត្តភក្តិយើងក្នុងថ្នាក់រៀនគាត់ក៏មិនសូវដឹងពីរឿងនឹងដែរ​ តែបើគាត់ដឹងរឿងនឹងច្រើនទៅអាចនឹងធ្វើអោយយើងមានការគោរពសិទ្ធគ្នាកាន់តែប្រសើរ ហើយអាចរក្សាជីវិតឯកជនរបស់មនុស្សម្នាក់ៗឲ្យកាន់តែថ្លៃថ្នូរប្រសើរឡើងទៀតផង។​

បូរ៉ា៖ តែកុំបញ្ចេញឈ្មោះគ្នាណា!

វត្តី៖ ដឹងហើយការរក្សាការសម្ងាត់ជាក្រមសីលធម៌ ដែលត្រូវធ្វើជាដាច់ខាតព្រោះវាជាសិទ្ធិមនុស្ស និង ហើយវាខុសនឹងច្បាប់ពីការរំលោភសេចក្តីទុកចិត្ត។

 

ប្រភពនិងឯកសារយោង៖

ឯកសារយោង៖ ក្រសួងអប់រំយុវជននិងកីឡា សៀវភៅថ្នាក់ទី១០ បោះពុម្ភ ថ្ងៃទី១៦ខែមីនា ឆ្នាំ២០២១ ជំពូក២ មេរៀនទី២ ទំព័រទី៧២ ដល់៧៥

   ទាញយកឯកសារ

        

 អប់រំសុខភាពថ្នាក់ទី១០