សុខភាពផ្លូវភេទ សង្គម និងយេនឌ័រ

ថ្ងៃនេះ វត្តី និងបុប្ផាបូរ៉ា មិត្តភក្តិរបស់នាងជជែកគ្នាអំពីសុខភាពផ្លូវភេទ សង្គម និងយេនឌ័រ។​

វត្តី៖ ធីតាបូរ៉ា!​ តើការកំណត់ភេទ មានន័យយ៉ាងណា?

បូរា៖ នែ៎!​វត្តី ការកំណត់ភេទប្រុស ឬ ភេទស្រីផ្អែកតាមលក្ខណៈ ជីវសាស្រ្តដែលមានពីកំណើតហើយមិនអាចផ្លាស់ប្តូរបានទ្បើយ។

វត្តី៖ បូរា! ហើយចុះយេនឌ័រគឺជាអ្វី?

បូរា៖ យេនឌ័រគឺជាការកំណត់អំពីសិទ្ធ តួនាទី ការទទួលខុសត្រូវ  និងការសម្រេចចិត្តរបស់មនុស្សប្រុស និងមនុស្សស្រី ដោយសង្គមសាសនា និងវប្បធម៌ ហើយអាចផ្លាស់ប្តូរទៅតាមកាលៈទេសៈ។

វត្តី៖ អ៎រ!​ ចឹងទេ ចុះនៅពេលពេញវ័យ ក្មេងប្រុសត្រូវទទួលការដាក់សម្ពាធអ្វីខ្លះពីមិត្តភក្តិ?

ប៉ូរា៖ នៅពេលពេញវ័យ ក្មេងប្រុសមួយចំនួនត្រូវបានជំរុញលើកទឹកចិត្ត ឬការដាក់សម្ពាធពីមិត្តភក្ដិឱ្យរួមភេទ ដើម្បីបញ្ជាក់ពីភាពជាបុរសពេញលក្ខណៈ តាមរយៈការរួមភេទជាមួយភេទផ្ទុយគ្នា។

វត្តី៖ អូ៎រ!​ ចឹងផង គ្នាអត់ដែលដឹងសោះ!

ប៉ូរា៖ នែ៎! វត្តី មិនតែប៉ុណ្ណោះ​ ការយល់ឃើញបែបនេះ ជាការប្រថុយគ្រោះថ្នាក់ រាប់បញ្ចូលទាំងគ្រោះថ្នាក់ក្នុងការរួមភេទផង ។ជាទូទៅសង្គមមិនអនុញ្ញាត ឬដាក់ទណ្ឌកម្មដល់ក្មេងស្រី បើសិនជាមានទំនាក់ទំនងស្នេហា ឬរួមភេទមុនរៀបការ។ ជាញឹកញាប់ក្មេងស្រីត្រូវបានកំណត់ដោយសង្គមថា ត្រូវចេះស្តាប់បង្គាប់មិត្តប្រុស ស្វាមី និងបុរសទូទៅ។

វត្តី៖ អ៎រ! ចឹងនៅក្នុងសង្គមក្មេងស្រីត្រូវបានកំណត់ថា ត្រូវចេះស្តាប់បង្គាប់ផងឬបូរា។

ប៉ូរា៖ វត្តី! ការយល់ឃើញបែបនេះ បញ្ជាក់ពីគម្លាតយេនឌ័រក្នុងសង្គមរវាងបុរស និងនារី ដែលកូនស្រីគួរត្រូវបានលើកទឹកចិត្ត ឱ្យចេះបញ្ចេញទស្សនៈធ្វើការសម្រេចចិត្ត ការគ្រប់គ្រងខ្លួនឯង និងដឹកនាំខ្លួនឯង។

វត្តី៖ បូរ៉ា! ហេតុអ្វីបានសង្គមវប្បធម៌មួយចំនួន បានដាក់សម្ពាធឱ្យយុវវ័យម្លេះ?

ប៉ូរា៖ សង្គមវប្បធម៌មួយចំនួន បានដាក់សម្ពាធឱ្យយុវវ័យប្រុស ស្រី ធ្វើការសម្រេចចិត្ដកែប្រែរូបរាងកាយរបស់ខ្លួន ដើម្បីឱ្យស្របតាមឧត្តមគតិខាងវប្បធម៌ចំពោះភាពទាក់ទាញខាងផ្លូវភេទ។ ក្មេងស្រីត្រូវប្រឈមមុខចំពោះសម្ពាធទាំងនេះខ្លាំងជាងក្មេងប្រុស។

ចំណុចគួរចងចាំ

សុខភាពផ្លូវភេទពឹងផ្អែកទៅលើកត្តាជីវសាស្ត្រ ចិត្តសាស្ត្រ សីលធម៌ វប្បធម៌ ទំនៀម ទម្លាប់ ច្បាប់ សាសនា ទំនាក់ទំនងសង្គម និងតួនាទីយេនឌ័រភេទ។ មនុស្សគ្រប់រូបគួររីករាយ ជីវិតផ្លូវភេទប្រកបដោយសុវត្ថិភាពក្នុង លក្ខខ័ណ្ឌរក្សា នូវសេចក្ដីថ្លៃថ្នូរ សមភាព ការទទួលខុសត្រូវ និងការគោរពគ្នា ។

វត្តី៖ ហើយចុះបូរ៉ាគ្នាឆ្ងល់ថា! តួនាទីយេនឌ័រក្នុងសង្គមវិញនោះចុះ!

ប៉ូរា៖ តួនាទីយេនឌ័រក្នុងសង្គម តួនាទីយេនឌ័រជា ឥរិយាបថនិងការទទួលខុសត្រូវដែលកំណត់ដោយសង្គម ឬសហគមន៍ សម្រាប់ស្រ្តីនិងបុរស ដោយមិនឆ្លុះបញ្ចាំងពីសមត្ថភាព ទេពកោសល្យ គុណសម្បត្តិផ្ទាល់ខ្លួន ការចូលចិត្ត ឬមិនចូលចិត្តរបស់បុគ្គលឡើយ។

វត្តី៖ អ៎រ ចឹង! ចុះទម្រង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រនិងផ្លូវភេទវិញហ៎!

ប៉ូរា៖ ការប្រព្រឹត្តអំពើហិង្សាមានច្រើនប្រភេទរាប់បញ្ចូលទាំងការបង្ខំលើរូបរាងកាយ ការគំរាមកំហែង ការបំភិតបំភ័យខាងផ្លូវចិត្ត ផ្លូវភេទ និងខាងផ្នែកសេដ្ឋកិច្ច។ អំពើហិង្សាផ្អែកលើយេនឌ័រមាន៤ប្រភេទ៖

វត្តី៖ អូ៎! អំពើហិង្សាផ្អែកលើយេនឌ័រមាន៤ផង តើមានអីខ្លះទៅបូរា ជួយប្រាប់គ្នាបន្តិចបានទេ?

ប៉ូរា៖ មិនអីទេចាំគ្នាប្រាប់ឯង មួយអំពើហិង្សាលើរាងកាយ: រាល់ទង្វើទាំងឡាយណាដែលធ្វើឱ្យរាងកាយមានរបួសដូចជា ការវាយដំ កាប់ចាក់ ទាត់ ធាក់ ទះតប់ ច្របាច់ក ខ្ទប់ដង្ហើម បោចសក់ ក្រញាំ ខាំ ធ្វើឱ្យរបួសដុត ចំពោះនរណាម្នាក់ដោយហេតុផលផ្សេងៗពាក់ព័ន្ធនឹងយេនឌ័ររបស់ខ្លួន ការបង្ខំឱ្យស្ត្រី រំលូតកូន ។ល។

វត្តី៖ អ៎រ! អាហ្នឹង អំពើហិង្សាលើរាងកាយហើយចុះអាទីពីរវិញបូរា

ប៉ូរា៖ ពីរអំពើហិង្សាផ្លូវភេទ : រាល់ទង្វើទាំងឡាយណាដែលធ្វើឱ្យមានរំញោចផ្លូវភេទ រួមមាន អំពើ អាសអាភាស ការរំលោភសេពសន្ថវៈ ការប៉ះពាល់បំពានផ្លូវភេទ (នៅកន្លែងធ្វើការ ឬនៅសាលារៀន ឬទីសាធារណៈ) ការរំលោភផ្លូវភេទ ការបង្ខំឱ្យធ្វើការងារផ្លូវភេទ និងការកេងប្រវ័ញ្ចផ្លូវភេទជាដើម។

វត្តី៖ អឹ! ហើយចុះទីបី។

ប៉ូរា៖ បីអំពើហិង្សាផ្លូវចិត្ត : ជាទង្វើដែលធ្វើឱ្យមានប៉ះទង្គិចដល់ផ្លូវចិត្តដូចជា ការរំលោភបំពាន ដោយពាក្យសម្តី ការរិះគន់ ការស្រែកខ្លាំងៗ ប្រមាថមាក់ងាយ ការស្តីបន្ទោស ការចោទប្រកាន់ ការធ្វើឱ្យខ្មាសគេ ការឃុំឃាំង ការដកហូតសេរីភាព ការគំរាមកំហែង ការរើសអើង ការស្តីបន្ទោសដោយសារភាគីប្រពន្ធគ្មានកូន ឬមានកូនស្រីច្រើន ការចិញ្ចឹមកូនមិនបានត្រឹមត្រូវ។

វត្តី៖ អ៎! អំពើហិង្សាផ្លូវចិត្តនេះវាអាចបង្ក ជាទង្វើដែលធ្វើឱ្យប៉ះទង្គិចដល់ផ្លូវចិត្តដល់ម្លឹងផង!

ប៉ូរា៖ មែនហើយវត្តី ឥឡូវយើងចូលដល់ទីបួនវិញម្តង

វត្តី៖ តោះ បូរា​!

ប៉ូរា៖ បួនអំពើហិង្សាផ្នែកជីវភាពខាងសេដ្ឋកិច្ច : ការគ្រប់គ្រងចំពោះធនធានគ្រួសារទាំងអស់ បំផ្លាញទ្រព្យសម្បត្តិ បំបិទសិទ្ធិក្នុងការចូលរួមចាត់ចែងទ្រព្យសម្បត្តិ បំបិទសិទ្ធិក្នុងការរកទ្រព្យសម្បត្តិ (ថវិកា ពេលវេលា ការដឹកជញ្ចូន ម្ហូបអាហារ សម្លៀកបំពាក់ ជម្រក) មិនទទួលឱ្យធ្វើការ បង្ខំឱ្យធ្វើការលើសម៉ោង យកកម្រៃរបស់គេ ឬបង្ខំឱ្យធ្វើការដែលគេមិនចង់។

 

វត្តី៖ ចុះបូរា តើយើងអាចមានវិធីទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រនិងផ្លូវភេទបានទេ?

ប៉ូរា៖ មានវត្តី ដកឃ្លាពីវិធីទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រនិងផ្លូវភេទ គឺត្រូវបញ្ឈប់អំពើហិង្សាចំពោះដៃគូ ឬចាកចេញពីដៃគូដែលប្រើអំពើហិង្សា ត្រូវស្វែងយល់ពីសិទ្ធិមនុស្ស ត្រូវពង្រឹងសេចក្តី តាំងចិត្តនិងជំនាញរបស់ខ្លួន ដើម្បីប្រាស្រ័យទាក់ទងដោះស្រាយជាមួយមិត្តភក្តិសមាជិកគ្រួសារ អាជ្ញាធរមូលដ្ឋាន នរគបាលជាដើម។ ហើយវិធីទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រនិងផ្លូវភេទនោះមានបី។

វត្តី៖ តើមានអីខ្លះទៅបូរ៉ា?

ប៉ូរា៖ ១-ត្រូវបញ្ឈប់អំពើហិង្សាចំពោះដៃគូ ឬចាកចេញពីដៃគូដែលប្រើអំពើហិង្សា។

២- ត្រូវស្វែងយល់ពីសិទ្ធិមនុស្ស ជាពិសេសត្រូវដឹងថា មនុស្សម្នាក់មានសិទ្ធិរស់នៅដោយសេរី ចាកផុតពីអំពើហិង្សានានារាប់បញ្ចូលទាំងការបង្ខំរួមភេទផងដែរ។

៣- ត្រូវពង្រឹងសេចក្តីតាំងចិត្តនិងជំនាញរបស់ខ្លួន ដើម្បីប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ

សមាជិកគ្រួសារ អាជ្ញាធរមូលដ្ឋាន នគរបាល ស្តីពីបញ្ហានានាដែលទាក់ទងនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័ររាប់បញ្ចូលទាំងការបង្ខំរួមភេទផងដែរ។

វត្តី៖ តើទម្រង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រនិងផ្លូវភេទ មានរាប់បញ្ចូលអ្វីខ្លះទៅបូរ៉ា?

ប៉ូរា៖ទម្រង់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រនិងផ្លូវភេទ មានច្រើនប្រភេទរាប់បញ្ចូលទាំងការ បង្ខំលើរូបរាងកាយ ការគំរាមកំហែង ការបំភិតបំភ័យខាងផ្លូវចិត្ត ផ្លូវភេទ។

វត្តី៖ អរគ្នាយល់ហើយចឹង! អរគុណឯងណាស់បូរ៉ាដែលបានជួយស្រាយចម្ងល់គ្នារហូតមក។

ប៉ូរា៖ អើ! មិនអីទេវត្តី។

 

ប្រភពនិងឯកសារយោង៖

ឯកសារយោង៖ ក្រសួងអប់រំយុវជននិងកីឡា សៀវភៅថ្នាក់ទី៦ បោះពុម្ភ ថ្ងៃទី២ខែសីហា ឆ្នាំ២០២១ ជំពូក១ មេរៀនទី៣ ទំព័រទី៣៣

   ទាញយកឯកសារ

        

 អប់រំសុខភាពថ្នាក់ទី៦