ជំងឺកាមរោគ
សួស្តីប្អូនៗមុននេះប្អូនៗបានស្តាប់ពីការវត្តី និងធីតា អំពីការព្រមព្រៀងនិងការបង្ខំរួមភេទ។
ថ្ងៃនេះប្អូនៗនឹងស្វែងយល់អំពីជំងឺកាមរោគ។
ជំងឺកាមរោគ គឺជាជំងឺម្យ៉ាងដែលឆ្លងតាមការរួមភេទជាមួយដៃគូដែលមានផ្ទុកជំងឺដោយមិនបានប្រើប្រាស់វិធីការពារឲ្យបានត្រឹមត្រូវ។
១. របៀបឆ្លងជំងឺកាមរោគ
- តាមការរួមភេទ ៖ មិនបានប្រើស្រោមអនាម័យ ឬប្រើមិនបានត្រឹមត្រូវជាមួយដៃគូដែលមានមេរោគនេះ
- ពីម្តាយទៅកូន ៖ ពេលពរពោះ និងពេលសម្រាល
- តាមឈាម៖ បញ្ចូលឈាម សាក់ ការប្រើម្ជុលរួមគ្នា
២. រោគសញ្ញា
ភាគច្រើននៃជំងឺកាមរោគមិនមានចេញរោគសញ្ញាតែមួយចំនួនក៏មានចេញរោគសញ្ញានៅត្រង់ប្រដាប់បន្តពូជដូចជា ៖
- ហូរខ្ទុះពីបង្ហូរនោម (បុរស)
- ដុះដូចសិរមាន់លើប្រដាប់បន្តពូជស្ត្រី ឬបុរស
- ក្រហាយ រមាស់លើទ្វារមាស
- ហើមក្រលៀន
- ធ្លាក់ស មានពណ៌លឿង ឬ បៃតងមានធុំក្លិន
- ឈឺចាប់នៅពេលរួមភេទ
- នោមទាស់ ក្រហាយឈឺ
- ចំពោះស្ត្រីឈឺពោះផ្នែកខាងក្រោម។ល។
៣. ផលវិបាកនៃជំងឺកាមរោគ
ជំងឺកាមរោគដែលមិនបានព្យាបាល ឬព្យាបាលមិនបានត្រឹមត្រូវអាចបណ្តាលឲ្យមានផលវិបាកដូចខាងក្រោម ៖
- ទារកកើតមកឆ្លងជំងឺស្វាយពីកំណើត (ឆ្លងពីម្តាយដែលមានជំងឺស្វាយ)
- ទារកមានជំងឺរលាកភ្នែក បណ្តាលឲ្យខ្វាក់បាន
- បុរសអារ ស្ត្រីអារ (អត់កូន) ឬកូនក្រៅស្បូន
- ស្លាប់បណ្តាលមកពីមេរោគរាតត្បាតក្នុងឈាម
- មានជំងឺមហារីកមាត់ស្បូន
- ការរួមត្បៀតបង្ហូរនោម (ចំពោះបុរស)
- ងាយឆ្លងមេរោគអេដស៍។ល។
៤. វិធានការបង្ការ
- តម ឬកុំឆាប់ប្រឡូកនឹងការរួមភេទ ជាមធ្យោបាយល្អបំផុត និងមានសុវត្ថិភាព ១០០%
- ស្មោះត្រង់មួយនឹងមួយ
- ប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវគ្រប់ពេលរួមភេទជាមួយដៃគូក្រៅ
- ចៀសវាងប្រើម្ជុល ឬសម្ភារៈស្បែកផ្សេងៗរួមគ្នា
- លាងសម្អាតប្រដាប់ភេទជារៀងរាល់ថ្ងៃជាមួយទឹកស្អាត ដោយយកចិត្តទុកដាក់ក្នុងការលាងសម្អាតនៅខាងក្រោមស្បែកលិង្គចំពោះបុរស ហើយនិងចន្លោះស្បែករន្ធយោនីចំពោះស្ត្រី
- លាងសម្អាតប្រដាប់ភេទមុនពេល និងបន្ទាប់ពីការរួមភេទ។
៥. ការណែនាំសម្រាប់អ្នកកើតជំងឺកាមរោគឬសង្ស័យជំងឺកាមរោគ
- ត្រូវទៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព
- ត្រូវលេបថ្នាំឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា
- មិនត្រូវរួមភេទមុនពេលព្យាបាល
- ត្រូវប្រើស្រោមអនាម័យបើមានការរួមភេទ
- ត្រូវទៅពិនិត្យឈាមរកមេរោគអេដស៍។ល។
ចំណុចគួរចងចាំ
ជំងឺកាមរោគឆ្លងតាមការរួមភេទ ឆ្លងពីម្តាយទៅកូនពេលពរពោះ ពេលសម្រាល និងឆ្លងតាមឈាម។ អ្នកជំងឺកាមរោគត្រូវទៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ត្រូវប្រើថ្នាំឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជាព្យាបាលទាំងដៃគូប្រើស្រោមអនាម័យបើមានបំណងរួមភេទ និងត្រូវទៅពិនិត្យឈាមរកមេរោគអេដស៍។
ប្រសិនបើអ្នកមានជំងឺកាមរោគដែលមិនអាចព្យាបាលបានត្រូវប្រើស្រោមអនាម័យគ្រប់ពេលរួមភេទ។
ប្រភពនិងឯកសារយោង៖
ឯកសារយោង៖ ក្រសួងអប់រំយុវជននិងកីឡា សៀវភៅថ្នាក់ទី៦ បោះពុម្ភ ថ្ងៃទី២ខែសីហា ឆ្នាំ២០២១ ជំពូក១ មេរៀនទី៣ ទំព័រទី៣៣
ទាញយកឯកសារ
អប់រំសុខភាពថ្នាក់ទី៦