ការបន្តពូជ

ការបន្តពូជឬការបង្ករកំណើតកើតឡើងពីការរួមភេទរវាងមនុស្សប្រុស និងមនុស្សស្រី។

ការបន្តពូជ ជាដំណើរការជីវសាស្ត្រ ដែលគភ៌កើតឡើងដែលធ្វើអោយមានគភ៌ ឬបណ្ដាលឱ្យស្ត្រីមានផ្ទៃពោះ និងការ សម្រាលកូន។ តែបើនិយាយអំពី សុខភាពបន្តពូជ” វាមិនត្រឹមតែពាក់ព័ន្ធនឹងប្រព័ន្ធបន្តពូជនោះទេ ដូចច្នេះសុខភាពបន្តពូជមានការទាក់ទងទៅនឹងសុខុមាលភាពរបស់យើងទាំងបុរស និងស្ត្រីផងដែរ។

 

សិទ្ធិសុខភាពបន្តពូជ សំដៅលើសិទ្ធិនានារបស់បុរស និងស្ត្រីក្នុងការសម្រេចចិត្តក្នុងការទៅលើការបន្តពូជដែលស្របតាមច្បាប់ ទទួលបានការរក្សាការសម្ងាត់ និងផ្ដល់ជម្រើសនៃការថែទាំសុខភាព ក៏ដូចជាទទួលបានព័ត៌មានពីសេវាសុខភាពបន្តពូជដែលសមស្របនិងមានសុវត្ថិភាព ហើយឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគេ។

ដូចនេះ យុវវ័យត្រូវចេះរៀបចំផែនការគ្រួសារ​ និងយល់ដឹងអំពីសុខភាពនៃការបន្តពូជ និង ធ្វើការសម្រេចចិត្តឱ្យបានត្រឹមត្រូវមុននឹងធ្វើការរួមភេទ។

ថ្ងៃមួយវត្តី បានជួបមិត្តភក្តិរបស់នាងដែលមានដៃគូស្នេហារហូតឈានដល់ការរួមភេទ ដោយបារម្ភពីការ មានផ្ទៃពោះហើយភ័យខ្លាចក្នុងការពិភាក្សាជាមួយគ្រូពេទ្យ មិត្តភក្តិនាង(ធីតា) បានសុំឱ្យវត្តីស្វែងយល់ពីសេវានិងព័ត៌មាននាំនាងទៅនៅមណ្ឌលសុខភាពដើម្បីជួបជាមួយអ្នកគ្រូពេទ្យជំនាញ។

 

សូមស្តាប់ការសន្ទនារវាង វត្តី និង អ្នកគ្រូពេទ្យ​ ឈ្មោះ ចិន្តា អំពីមធ្យោបាយពន្យាកំណើត

វត្តី៖ ជំរាបសួរអ្នកគ្រូពេទ្យ។

គ្រូពេទ្យ៖ ជំរាបសួរប្អូនៗ មានការអ្វីដែរ?

វត្តី៖ ជំរាបសួរអ្នកគ្រូ! ខ្ញុំនាំមិត្តភក្តិរបស់ខ្ញុំ ខ្ញុំចង់មកពិគ្រោះអំពីការបារម្ភខ្លាចមានផ្ទៃពោះដោយចៃដន្យ។

គ្រូពេទ្យ៖ អ៎រ អីចឹងទេហ៎ប្អូន​! តោះអីចឹងយើងនាំគ្នាទៅក្នុងបន្ទប់ពិគ្រោះជំងឺដើម្បីងាយស្រួលក្នុងការពិភាក្សាគ្នា។ ហើយ តើប្អូនទាំងពីរមានឈ្មោះអ្វីដែរ?

វត្តី៖ ច៎ា អ្នកគ្រូខ្ញុំឈ្មោះវត្តី និងមិត្តភក្តិរបស់ខ្ញុំឈ្មោះធីតា។

គ្រូពេទ្យ៖ ច៎ា អរគុណ! ដំបូង អ្នកគ្រូសុំជម្រាបថា ក្នុងនាមជាអ្នកគ្រូពេទ្យឯកទេសម្នាក់ សូមនឹងរក្សាការសម្ងាត់សម្រាប់រឿងរ៉ាវដែលប្អូនលើកមកពិគ្រោះយោបល់។ ហេតុនេះ ប្អូនៗ សូមមានទំនុកចិត្តក្នុងការជជែកជាមួយអ្នកគ្រូ និងកុំមានការព្រួយបារម្ត។

 

វត្តី៖ ច៎ា អរគុណ! អ្នកគ្រូពេទ្យមិត្តភក្តិរបស់ខ្ញុំធ្លាប់មានសង្សា ហើយធ្លាប់បានរួមភេទ ពេលនេះ គាត់មានអារម្មណ៍ព្រួយបារម្ភខ្លំាងខ្លាចមានផ្ទៃពោះ។ ហេតុនេះ តើមានមធ្យោបាយពន្យាកំណើតណាដែលអាចពន្យាកំណើតបន្ទាន់? ហើយ តើមធ្យោបាយពន្យាកំណើតមានតាមប្រភេទណាខ្លះ?

គ្រូពេទ្យ៖ និងហើយប្អូន ល្អណាស់! យុវវ័យដែលឆ្លងកាត់នូវការរួមភេទដំបូង ឬក៏ធ្លាប់ឆ្លងកាត់នូវការរួមភេទក៏ដោយត្រូវធានាថាប្រើប្រាស់មធ្យោបាយពន្យាកំណើតដូចជាស្រោមអនាម័យជាដើម ដើម្បីបង្ការការមានផ្ទៃពោះដោយចៃដន្យ​ ក្នុងករណីដែលខកខាន ឬក៏ធ្វេសប្រហែសមិនបានប្រើមធ្យោបានពន្យាកំណើតណាមួយដូចជាថ្នាំលេប ឬក៏ស្រោមអនាម័យ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យនៅមណ្ឌលសុខភាព ឬគ្លីនិកដើម្បីធានាថាតើ ត្រូវបានទទួលមធ្យោបាយបង្ការកំណើតបន្ទាន់ណាមួយដើម្បីការពារ ការមានផ្ទៃពោះ ក្នុងរយៈពេល៧២ម៉ោង ក្នុងការប្រើប្រាស់វីធីនេះ អ្នកត្រូវធានាថាទទួលផ្ដល់បានការណែនាំដោយគ្រូពេទ្យជំនាញព្រោះថាវាអាចប៉ះពាល់ដល់សុខភាព ប្រសិនបើអ្នកប្រើប្រាស់មិនត្រឹមត្រូវមិនជួបជាមួយគ្រូពេទ្យជំនាញ។ ការប្រើប្រាស់ថ្នាំ បង្ការការមានផ្ទៃពោះក្នុងបន្ទាន់នេះ មិនមែនជាជំរើសល្អ ក្នុងការពន្យារកំណើតនោះទេព្រោះវាធ្វើឲ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរនឹងមានរយៈពេលយូអង្វែង។

វត្តី៖ អូ! អ្នកគ្រូពេទ្យ អញ្ចឹងធីតាមិត្តភក្ដិខ្ញុំត្រូវទៅជួបជាមួយអ្នកគ្រូពេទ្យជំនាញ ដើម្បីទទួលថ្នាំ៧២ម៉ោងមែនទេ ព្រោះថាគាត់បានធ្វេសប្រហែសនៅក្នុងការរួមភេទជាមួយដៃគូរបស់គាត់ដោយមិនបានប្រើប្រាស់ស្រោមអនាម័យ។

គ្រូពេទ្យ៖ និងហើយប្អូន ត្រឹមត្រូវហើយ បើសិនេជាមិត្តភក្ដិប្អូនធ្វេសប្រហែសឬក៏ខកខានក្នុងការប្រើប្រាស់ស្រោមអនាម័យ ដូចនេះត្រូវទៅមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ និងត្រូវពិនិត្យសុខភាពថាតើសុខភាពគាត់ត្រូវជាមួយនិងថ្នាំ៧២ម៉ោងដែឬទេ ដែលវាដើម្បីបង្ការកុំឲ្យមានការផលប៉ះពាល់ដល់សុខភាពគាត់។

វត្តី៖ អរគុណ​ ហើយអ្នកគ្រូពេទ្យ អញ្ចឹងចាំចប់ពេលនេះខ្ញុំនិងនាំមិត្តភក្ដិខ្ញុំទៅជួបជាមួយនិងអ្នកគ្រូពេទ្យជំនាញផ្នែកនេះ។ អ្នកគ្រូពេទ្យ ក្រៅពីចំណេះដឹងទាំងអស់នេះតើអ្នកគ្រូពេទ្យមានព័ត៌មានអ្វីណែនាំបន្ថែមដល់ពួកខ្ញុំទៀតដែរឬទេ ។

គ្រូពេទ្យ៖ ល្អណាស់ប្អូន ដែលចង់យល់ដឹងពីមធ្យោបាយពន្យាកំណើត! នៅក្នុងប្រទេសកម្ពុជាយើង មធ្យោបាយពន្យារកំណើតមានជម្រើសជាច្រើន​ ដូចជា ការប្រើប្រាស់ស្រោមអនាម័យ ថ្នាំចាក់ ថ្នាំគ្រាប់ កងដាក់ក្រោមស្បែក និងកងដាក់ក្នុងស្បូន ដែលជាសេវាសុខភាពសាធារណៈ ហើយអាចរកសេវានេះបាន ដូចជា មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកជាដើម ដែលជាមធ្យោបាយមានប្រសិទ្ធិភាពខ្ពស់សម្រាប់ការពន្យាកំណើត។ មធ្យោបាយពន្យាកំណើតបែបធម្មជាតិ ដូចជាតាមរយៈការបំបៅដោះកូន តាមរយៈប្រតិទិន តាមរយៈការដកបញ្ចេញទឹកកាមចេញមកក្រៅ។ ប្រសិទ្ធភាពរបស់វា គឺមិនសូវជឿជាក់ប៉ុន្មានទេមានខ្ពស់ទេ ហើយប្រឈមនឹងការមានផ្ទៃពោះដោយមិនចង់បាន ឬចៃដន្យ។

វត្តី៖ អូ! មធ្យោបាយពន្យាកំណើតមានច្រើនប្រភេទណាស់ ន៎។ សូមអ្នកគ្រូ ជួយពន្យល់លម្អិតបន្តិចតាមប្រភេទនីមួយៗបានទេ?

គ្រូពេទ្យ៖ បានតើប្អូន!

ស្រោម​អនា​ម័យ​បុរស​៖ វាផលិតពីកៅស៊ូស្តើងសម្រាប់ពាក់នៅលើលិង្គ។ វាអាចការពារប្រឆាំងទៅនឹងការមានផ្ទៃពោះ ជំងឺកាមរោគនិងជំងឺអេដស៍។ វាជាវិធីសាស្រ្តងាយស្រួល និងតាមបែបធម្មជាតិ ​​ហើយអាចរកទិញនៅតាមហាងលក់ទំនិញឧសថស្ថាន និងតាមមណ្ឌលសុខភាព។

ស្រោម​អនាម័យ​ស្រី្ត​៖ វាផលិតពីកៅស៊ូស្តើង សម្រាប់ដាក់ចូលទៅក្នុងទ្វារមាស។ វាអាចការពារប្រឆាំងទៅនឹងការមានផ្ទៃពោះនិងជំងឺកាមរោគនិងជំងឺអេដស៍។ វាជាវិធីសាស្រ្តងាយស្រួលនិងតាមបែបធម្មជាតិ​​ ហើយអាចរកទិញនៅតាមឧសថស្ថានហាងលក់ទំនិញនិងតាមមណ្ឌលសុខភាព

កង​ដាក់​ក្នុង​ស្បូន​៖ វាជាឧបករណ៏តូចមួយមានជាតិស្ពាន់ ដែលគេដាក់ទៅក្នុងស្បូនរបស់ស្រ្តីដោយបុគ្គលិកសុខាភិបាលដែលមានជំនាញវិជ្ជាជីវៈត្រឹមត្រូវនៅតាមមណ្ឌលសុខភាព។ វាមានប្រសិទ្ធភាពអាចការពាររហូតដល់រយៈពេល១០ឆ្នាំ។ វិធីសាស្រ្តនេះអាចប្រើជាមួយដៃគូរួមភេទជាប់លាប់ ។ វិធីសាស្រ្តនេះគឺមិនអាចការពារជំងឺកាមរោគបាននោះទេ។

ថ្នាំ​លេប​៖ ស្រ្តីតម្រូវឱ្យលេបថ្នាំនេះជាទៀងទាត់ជារៀងរាល់ថ្ងៃ រយៈពេល៣សប្តាហ៍បន្តបន្ទាប់គ្នាតាមជួរដេក ដើម្បីការពារការបញ្ចេញពងអូវុលបន្ទាប់មកផ្អាកលេបថ្នាំរយៈពេល១សប្តាហ៏ នោះមានន័យថាពេល ដែលឈាមរដូវចាប់ផ្តើមមក។ ថ្នាំលេបអាចរកទិញបាននៅមណ្ឌលសុខភាពក៏ប៉ុន្តែមួយទៀតអ្នកក៏អាចរកទិញបានតាមវេជ្ជបញ្ជានៅតាមឱសថស្ថាននានាផងដែរ។ វិធីសាស្រ្តនេះអាចការពារប្រឆាំងទៅនឹងការមានផ្ទៃពោះ តែមិនអាចការពារជំងឺកាមរោគបាននោះទេ។

ថ្នាំ​ចាក់​ពន្យារ​កំណើត​៖  ការចាក់បញ្ចូលសារធាតុអ័រម៉ូនចូលទៅក្នុងខ្លួនស្រី្ត ហើយអាចការពាររយៈពេល៣ខែប្រឆាំងនឹងការមានផ្ទៃពោះ។ ថ្នាំនេះត្រូវបានផ្ដល់ឱ្យនៅតាមមណ្ឌលសុខភាព ហើយវិធីសាស្រ្តនេះមិនអាចការពារជំងឺកាមរោគបាននោះទេ។

 

វត្តី៖ អូ ក្បោះក្បាយណាស់! អរគុណច្រើនអ្នកគ្រូពេទ្យ ខ្ញុំកាន់តែយល់ច្បាស់ខ្លំាងណាស់ ហើយចុះ តើពេលណាយើងគួរប្រើ​មធ្យោបាយពន្យារកំណើតបន្ទាន់?

គ្រូពេទ្យ៖ យើងគួរប្រើ​មធ្យោបាយពន្យារកំណើតបន្ទាន់នៅពេលចាំបាច់ ដូចជា នៅពេលរួមភេទដោយមិនបានប្រើប្រាស់មធ្យោបាយពន្យារកំណើត ឬត្រូវបានបង្ខំរួមភេទ ឬរងអំពើរំលោភផ្លូវភេទ។

វត្តី៖ អ្នកគ្រូពេទ្យ តើមធ្យោបាយពន្យារកំណើតបន្ទាន់មានប្រសិទ្ធភាពដូចម្តេច?

គ្រូពេទ្យ៖ ការពន្យារកំណើតបន្ទាន់ គឺមានប្រសិទ្ធភាពក្នុងអំឡុងពេលប្រាំថ្ងៃបន្ទាប់ពីរួមភេទដោយមិន បានការពារ ប៉ុន្តែហើយវាមានប្រសិទ្ធភាពបំផុតបើសិនជាប្រើឱ្យបានលឿនតាមដែលអាចធ្វើបាន។

អ្នកគ្រូសូមបញ្ជាក់៖ ថ្នាំលេបសម្រាប់មធ្យោបាយពន្យារកំណើតបន្ទាន់ គឺមានអ័រម៉ូនក្នុងកម្រិតជាក់លាក់មួយ។ មធ្យោបាយនេះគឺអាចរកបាននៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក គ្លីនិក និងឱសថស្ថាន។មធ្យោបាយពន្យារកំណើតបន្ទាន់ គឺមិនមែនជាមធ្យោបាយសម្រាប់រំលូតកូនឡើយ និងមិនអាចបញ្ចប់គភ៌ដែលមានការវិវត្តហើយនោះទេ។

 

វត្តី៖ អ្នកគ្រូពេទ្យ តើមធ្យោបាយពន្យាកំណើតមានគុណសម្បត្តិអ្វីខ្លះ?

គ្រូពេទ្យ៖​   ​​គ្មានមធ្យោបាយពន្យារកំណើតណាដែលល្អឥតខ្ចោះនោះឡើយ។ មធ្យោបាយនីមួយៗសុទ្ធ តែមានគុណសម្បត្តិរៀងៗខ្លួន។ មធ្យោបាយមួយចំនួនមានការដាក់កម្រិតហាមប្រាមខាងវេជ្ជសាស្ត្រ​  ​ ​​        ទៀតផង។ មានមធ្យោបាយតែពីរប៉ុណ្ណោះគឺស្រោមអនាម័យបុរស និងស្រោមអនាម័យស្ត្រី ដែលអាច បង្ការការរឆ្លងមេរោគអេដស៍និងការមានផ្ទៃពោះដោយចៃដន្យ។

វត្តី៖ អូចឹងផងអ្នកគ្រូពេទ្យ

គ្រូពេទ្យ៖ ហ្នឹងហើយប្អូន មធ្យោបាយពន្យាកំណើតមានប្រយោជន៍បន្ថែមទៀតដូចជា៖

  • មិនព្រួយបារម្ភពីការមានគភ៌ដែលគេមិនចង់បាន
  • លើកកម្ពស់ការយល់ចិត្តគ្នា និងសេចក្តីសុខចំពោះគ្នាទៅវិញទៅមក
  • មានពេលវេលាគ្រប់គ្រាន់ក្នុងការគិតគូរពីជីវភាពគ្រួសារ ការមើលថែ និងចិញ្ចឹមបីបាច់កូន។
  • ធ្វើ​ឪ្យ​អ្នក​ម្តាយ​មាន​សុខ​ភាពល្អ​​ និង​មាន​ពេលវេលា​ក្នុងការ​រកស៊ី​
  • មាន​ពេលវេលា​ថែរក្សា​កូន និង​មានលទ្ធភាព​ផ្តល់ឱ្យ​កូន​សិក្សា

នែប្អូនយើងត្រូវចងចាំថា៖ មានតែអ្នកផ្តល់សេវាថែទាំសុខភាពប៉ុណ្ណោះអាចផ្ដល់ព័ត៌មានអំពីអត្ថប្រយោជន៍ គុណវិបត្តិ និងផលរំខាននៃមធ្យោបាយពន្យារកំណើតនីមួយៗ។

 វត្តី៖ ចា៎ស អរគុណអ្នកគ្រូ! ខ្ងុំឆ្ងល់ថាមិចបានជាជំទង់ៗយុវវ័យមួយចំនួនដែលមានដៃគូស្នេហា ពួកគេមិនប្រើសេវាការពន្យាកំណើតទេ តើមានមូលហេតុអ្វីទៅអ្នកគ្រូ?

គ្រូពេទ្យ៖ មូលហេតុដែលជំទង់ៗយុវវ័យ និងយុវវ័យមិនមកទទួលមធ្យោបាយពន្យារកំណើតព្រោះ៖

  • ខ្វះព័ត៌មានដែលត្រឹមត្រូវ និងមិនពេញលេញស្តីពីមធ្យោបាយពន្យារកំណើត
  • ខ្វះលទ្ធភាពទទួលសេវា(បារម្ភពីតម្លៃ សុវត្ថិភាពនិងការរក្សាការសម្ងាត់)
  • ទំនៀមទម្លាប់សហគមន៍ទាក់ទងនឹងយេនឌ័រ (ការយល់ខុសមិនអោយនិយាយដោយបើកចំហរពីផ្លូវភេទ)
  •  
  • មានការអៀនខ្មាស់ក្នុងការសារភាពថាខ្លួនបានរួមភេទ
  • ជំនឿដែលគេមានពីក្រុមគ្រួសារ សហគមន៍ ឬមេដឹកនាំឬវប្បធម៌និងសាសនា (សម្រាយបន្ថែម)
  • ទទួលសម្ពាធពីសង្គមឱ្យបង្កើតកូន
  • ដៃគូជំទាស់
  • ព្រួយបារម្ភពីផលប៉ះពាល់។
  • ដូចនេះ ទោះជាយ៉ាងណាក៏ដោយ មុនពេល សម្រេចចិត្តរួមភេទយុវវ័យត្រូវគិតពិចារណា ឱ្យបានត្រឹមត្រូវដើម្បីកុំឱ្យមានបញ្ហាសុខភាព និងបញ្ហាផ្សេងៗទៀតកើតមានឡើង។

    វត្តី៖ ចា៎សខ្ញុំសូមអរគុណ អ្នកគ្រូពេទ្យដែលបានណែនាំ និងផ្ដល់យោបល់ល្អៗជាច្រើនមកកាន់ខ្ញុំនិងមិត្តភក្តិរបស់ខ្ញុំហើយខ្ញុំនឹងណែនាំមិត្តភក្តិរបស់ខ្ញុំអោយបានជួបជាមួយនឹងអ្នកគ្រូដោយផ្ទាល់។

    គ្រូពេទ្យ៖​ ចា៎មិនអីទេប្អូន តែបើប្អូនមានអ្វីមិនទាន់ច្បាស់ប្អូនអាចមកពិគ្រោះជាមួយអ្នកគ្រូម្ដងទៀតបានហើយអ្នកគ្រូសូមផ្តាំនិងលើកទឹកចិត្តមិត្តភក្តិរបស់ប្អូនអោយមកជួបគ្រូពេទ្យជំនាញកាន់តែលឿនកាន់តែប្រសើរក្នុងការទទួលសេវា នៅមណ្ឌលសុខភាពនេះគ្រូពេទ្យទាំងអស់មានជំនាញវិជ្ជាជីវៈនិងការគោរពដល់អតិថិជនដូច្នេះមិត្តភក្តិរបស់ប្អូនអាចមានទំនុកចិត្តក្នុងការពិភាក្សាដោយ បើកចំហរនិងមិនមានភាពភ័យខ្លាចពីការស្តីបន្ទោស ឬបែកធ្លាយរឿងសម្ងាត់ទេ លើកក្រោយប្អូននិងមិត្តភក្តិប្អូនអាចមកបន្ទប់ផ្តល់សេវាមេត្រីភាពយុវវ័យនៅមណ្ឌលសុខភាពនេះបាន។

    វត្តី៖ អីចឹងខ្ញុំនិងមិត្តភក្តិរបស់ល្អមែនទែនអ្នកគ្រូចឹងខ្ញុំគិតថានិងជំរាបលាអ្នកគ្រូទៅវិញហើយ​​ សុំអរគុណអ្នកគ្រូជាពន់ពេកណាសម្រាប់ការផ្តល់ព័ត៌មាន។        

    គ្រូពេទ្យ៖ ចាសប្អូន ជំរាបលា ។

 

ប្រភពនិងឯកសារយោង៖

ឯកសារយោង៖ ក្រសួងអប់រំយុវជននិងកីឡា សៀវភៅថ្នាក់ទី១១ បោះពុម្ភ ថ្ងៃទី០៩ មីនា ឆ្នាំ២០២១ ជំពូក៣ មេរៀនទី២ ទំព័រទី៦០

   ទាញយកឯកសារ

        

 អប់រំសុខភាពថ្នាក់ទី១១