ការពារខ្លួនពីការរំលោភបំពានផ្លូវភេទ
ថ្ងៃនេះ វត្តី និងបូរ៉ា មិត្តភក្តិរបស់នាងជជែកគ្នាអំពីការការពារខ្លួនពីការរំលោភបំពានផ្លូវភេទ។
វត្តី៖ សួស្ដី! បូរ៉ា ថ្ងៃនេះគ្នាមានរឿងចង់សួរឯងអំពីរការការពារខ្លួនពីការរំលោភបំពានផ្លូវភេទ!
បូរ៉ា៖ ហ្នឹងហើយវត្តី! បើឯងមានអីឆ្ងល់ក៏សួរមកចុះ!
វត្តី៖ បូរ៉ា! មុនដំបូងខ្ញុំចង់យល់ពី និយមន័យ ការរំលោភបំពានផ្លូវភេទ តើវាជាអំពើអ្វីទៅ?
បូរ៉ា៖ ការរំលោភបំពានផ្លូវភេទមានន័យថា នៅពេលនរណាម្នាក់ត្រូវបានគេបង្ខំ អូសទាញ ឬ លួងលោមឱ្យចូលរួមក្នុងសកម្មភាពផ្លូវភេទ។ ការរំលោភបំពានផ្លូវភេទ ជាសកម្មភាពដែលជនណាម្នាក់ ធ្វើឱ្យប៉ះពាល់ដល់សរីរាង្គជនដទៃធ្វើឱ្យមានឬគ្មានរំញោចចំណង់ផ្លូវភេទ ដោយគ្មានការយល់ព្រម។ ចំណង់ផ្លូវភេទទាំងនេះ កើតឡើងដោយធម្មជាតិ ប៉ុន្តែមិនមែនមានន័យថា បុគ្គលដែលត្រូវបានគេរំលោភនោះយល់ព្រមឡើយ។
វត្តី៖ អរ!ចឹង ចុះ រំលោភសេពសន្ថវៈ ជាអ្វីទៅវិញ?
បូរ៉ា៖ រំលោភសេពសន្ថវៈ គឺគ្រប់អំពើបញ្ចូលអង្គជាតិតាមបែបណាក៏ដោយ ឬអំពើបញ្ចូលឧបករណ៍ ណាមួយទៅក្នុងអង្គជាតិ ដែលប្រព្រឹត្តទៅលើអ្នកដទៃទោះបីមាន ភេទដូចគ្នា ឬមិនដូចគ្នា ក៏ដោយ ការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬដោយការឆ្មក់ឳកាស។
វត្តី៖ អរ! ហើយចុះ អំពើរុកគួនខាងផ្លូវភេទ វិញ មានន័យដូចម្តេច?
បូរ៉ា៖ នែ៎! វត្តី! អំពើរុកគួនខាងផ្លូវភេទ ជាអំពើដែលបុគ្គលម្នាក់រំលោភអំណាចដោយយកមុខងាររបស់ខ្លួនប្រគល់អោយធ្វើការគាបសង្កត់ម្តងហើយម្តងទៀតទៅលើអ្នកដទៃ ក្នុងគោលបំណងទទួលការអនុគ្រោះខាងផ្លូវភេទ។
បូរ៉ា៖ អើ! មិនអីទេវត្តី ហើយចុះឯងមានអីចង់សួរគ្នាទៀតអត់!
វត្តី៖ មានបន្ថែមទៀតដែរតើបូរ៉ា! គ្នាចង់ដឹងថានិយមន័យការបៀតបៀនផ្លូវភេទ មានន័យដូចម្ដេច?
បូរ៉ា៖ ការបៀតបៀនផ្លូវភេទ គឺជាទង្វើ ឬឥរិយាបថទាំងឡាយណាដែលមិនចង់បាន មិនស្វាគមន៍ ឬក៏មិនអនុញ្ញាតពាក់ព័ន្ធនឹងផ្លូវភេទដែលធ្វើអោយបុគ្គលម្នាក់ ឬច្រើននាក់មានអារម្មណ៍អាម៉ាស់មុខ ភិតភ័យ ឬអាក់អន់ចិត្ដ។ ការបៀតបៀនផ្លូវភេទមានទម្រង់ខុសគ្នារួមមាន៖ ការបៀតបៀនផ្លូវភេទដោយប្រើអំណាច ពាក្យសម្ដី សំលេង និងការបៀតបៀនផ្លូវភេទដោយកាយវិការ ។
វត្តី៖ បូរ៉ា! តើជនខិលខូចប្រើវិធីអ្វីខ្លះដើម្បីលួងលោម កុមារនិងវ័យជំទង់ដើម្បីរំលោភបំពានផ្លូវភេទ?
បូរ៉ា៖ ជនរំលោភបំពានកុមារ និងយុវជនអាចជាអ្នកដែលនៅជិតកុមារ និងយុវជនបំផុតដែលពេលខ្លះពួកគេមិនបានចាប់អារម្មណ៍។ អ្នកទាំងនោះអាចជាឪពុក ម្តាយ សាច់ញាតិ អ្នកជិតខាង មិត្តភក្តិ អ្នកស្គាល់គ្នាជាដើម ហើយ អាចជាមនុស្សប្រុស ឬមនុស្សស្រី អាចជាមនុស្សដែលមានវ័យច្រើនជាង ឬក្មេងជាង ឬអាយុប្រហាក់ប្រហែលគ្នា។ ខាងក្រោមជាល្បិចកលមួយចំនួនដែលជនរំលោភបំពានអាចនឹងប្រើ និងអាចមានលើសពីនោះទៀត៖
- ទិញទឹកចិត្តអ្នក/ក្រុមគ្រួសាររបស់អ្នកដោយផ្តល់ជាសម្ភារៈ និងប្រាក់កាស
- លួងលោមធ្វើជាសង្សារ និងសន្យារៀបការជាមួយ
- បបួលដើរលេងកន្លែងស្ងាត់ ឬកន្លែងដែលអ្នកដទៃមើលមិនឃើញ
- ធ្វើជាអ្នកមានចិត្តសប្បុរស និងមនុស្សធម៌
- សំដែងធ្វើជាមនុស្សល្អតាមវិធីផ្សេងៗ ដើម្បីទាក់ទាញចិត្តរបស់អ្នក និងគ្រួសារអ្នក
- ផ្តល់ជាកាដូ អំណោយ ឬការឧបត្ថម្ភរបស់របរមានតម្លៃផ្សេងៗ
- នាំទៅធ្វើការងារក្រៅប្រទេស និងមានប្រាក់ខែច្រើន
- នាំទៅផឹកស្រា និងប្រើប្រាស់គ្រឿងញៀន
- ភ្ជាប់ទំនាក់ទំនងតាមការណែនាំលេងហ្គេមតាមអនឡាញជាក្រុម និងបានលុយ
- បង្ហាញពីភាពយកចិត្តទុកដាក់ និងចង់ជួយកុមារ ទាំងកុមារមិនស្គាល់ ។ល។
វត្តី៖ បូរ៉ា! តើមានគន្លឹះ ឬវិធីសាស្ត្រអ្វីខ្លះ? ដើម្បីការពារខ្លួនពីគ្រប់ទម្រង់នៃការរំលោភបំពានខាងលើ?
បូរ៉ា៖ ពិតជាមាន វត្តី! យើងទំាងអស់គ្នា កុំនៅស្ងៀម! ចូរស្វែងរកជំនួយពីអ្នកដទៃនៅជិតអ្នកបំផុត ដើម្បីអោយជួយរកដំណោះស្រាយ។
- សូមកុំលាក់បាំង ហើយនិយាយរឿងរ៉ាងដែលកើតឡើងទៅមនុស្សដែលអ្នកទុកចិត្តបំផុត ដូចជា បងប្អូន ឪពុកម្តាយ ពូមីង សាច់ញាតិ គ្រូបង្រៀន នគរបាល ជនបង្គោលទទួលបន្ទុកកិច្ចការពារកុមារ តំណាងក្រុមកុមារ ក្រុមឪពុកម្តាយ បណ្តាញការពារកុមារ មេភូមិ មេឃុំ តំណាងអង្គការ ទូរសព្ទជំនួយកុមារ ដើម្បីជួយរកដំណោះស្រាយ។
- កុំឆាប់ជឿលើមនុស្សដែលទើបនឹងស្គាល់ ត្រូវស្វែងរកការពិភាក្សា និងព័ត៌មានជុំវិញបញ្ហានេះ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ។
- សូមគិតអំពីគ្រោះថ្នាក់ដែលអាចកើតឡើង និងវិធីកាត់បន្ថយនៅពេលទៅណា ឬជជែកជាមួយអ្នកណា ឬធ្វើសកម្មភាពណាមួយជាមួយអ្នកណា
- រាយការណ៍ទៅលេខទូរស័ព្ទពិសេស បណ្តាញទូរស័ព្ទជំនួយកុមារ១២៨០ (មិនគិតថ្លៃ) ឬទៅអាជ្ញាធរនៅមូលដ្ឋាន(នគរបាល មេឃុំ មេភូមិ) ដែលនៅជិតបំផុត។
វត្តី៖ អរគ្នាយល់ហើយចឹង! អរគុណឯងណាស់បូរ៉ាដែលបានជួយស្រាយចម្ងល់គ្នារហូតមក។
បូរ៉ា៖ អើ! មិនអីទេ តែបើឯងមានអ្វីមិនទាន់ច្បាស់ឯងអាចសួរគ្នាបានណាវត្តី!
វត្តី៖ ចាស! អរគុណច្រើន
ប្រភពនិងឯកសារយោង៖
ឯកសារយោង៖ ក្រសួងអប់រំយុវជននិងកីឡា សៀវភៅថ្នាក់ទី៥ បោះពុម្ភ ទី២០ខែកុម្ភៈ ឆ្នាំ២០២១ ជំពូក១ មេរៀនទី៣ ទំព័រទី៤៤
ទាញយកឯកសារ
អប់រំសុខភាពថ្នាក់ទី៥