ការព្រមព្រៀងនិងការបង្ខំរួមភេទ

សួស្តីប្អូនៗមុននេះប្អូនៗបានស្តាប់ពីការវត្តី និងធីតា ជជែកគ្នាអំពីសិទ្ធិទំនាក់ទំនងភេទនិងសិទ្ធិបន្តពូជ។​

ថ្ងៃនេះប្អូនៗនឹងបានស្តាប់ការជជែករវាង វត្តី និងធីតា អំពីការព្រមព្រៀងនិងការបង្ខំរួមភេទ។​

ធីតា៖ វត្តីគ្នាមានរឿងឆ្ងល់ ហើយគ្នាចង់សួរឯងបន្តិច?

វត្តី៖ មានរឿងអីមែនទេ ហើយតើឯងចង់សួរយើងអំពីអ្វី?

ធីតា៖គឺគ្នាមានរឿងចង់សួរឯងដែលពាក់ពន្ធ័នឹងរឿងការបង្ខំរួមភេទ។

វត្តី៖ អ៎រ! ការបង្ខំរួមភេទ គឺសំដៅលើសកម្មភាពផ្លូវភេទទាំងឡាយណាដែលបង្ករឡើងដោយចេតនារបស់ ភាគីម្ខាង ឯភាគីម្ខាងទៀតមិនបានយល់ព្រម។

ធីតា៖អូ អីចឹងទេហ៎! ចុះមនុស្សគ្រប់គ្នាមានសិទ្ធក្នុងការព្រមព្រៀងក្នុងការរួមភេទមែនឬ?

វត្តី៖​ ត្រូវហើយធីតា មនុស្សគ្រប់គ្នាមានសិទ្ធិផ្តល់ការព្រមព្រៀង ឬដកការព្រមព្រៀងក្នុងការរួមភេទដោយមាន ការទទួលខុសត្រូវក្នុងការគោរពសិទ្ធិរបស់ដៃគូខ្លួនឯង។ ជាការល្អបំផុតដែលយុវវ័យព្រមព្រៀងរួមភេទក្រោយពីពួកគេព្រមរៀបការនឹងគ្នា ពីព្រោះអ្នកទាំងពីរមានសិទ្ធិពេញលេញចំពោះមុខច្បាប់អំពីបញ្ហានេះ។

ធីតា៖អ៎រចឹងទេ!​ ហើយចុះការរួមភេទត្រូវមានការយល់ព្រមពីដៃគូឬអត់?

វត្តី៖​ នែ៎ធីតា!​ ការរួមភេទត្រូវតែធ្វើឡើងក្នុងការយល់ព្រមទាំងសងខាងផងដែរ បើមិនដូច្នេះទេ គេហៅថា ការរំលោភ។ ការព្រមព្រៀងនេះ អាចផ្តល់នូវសេចក្តីសុខផ្លូវភេទទាំងសងខាងបាន។

 

ធីតា៖អូ៎! តើការបង្ខំនេះកើតឡើងនៅពេលណាដែរ?

វត្តី៖ ការបង្ខំរួមភេទកើតមាននៅពេលដែលនរណាម្នាក់ចាប់បង្ខំ (ឬប៉ុនប៉ងចាប់បង្ខំ) បុគ្គលម្នាក់ទៀតឱ្យ រួមភេទផ្ទុយពីឆន្ទៈរបស់គេ។

ធីតា៖ចឹង! ហើយចុះបើភាគីម្ខាងទៀតមិនបានយល់ព្រមនោះអាចផ្តល់នូវផលលំបាកអ្វីខ្លះ?

វត្តី៖ ការចាប់បង្ខំនេះ ជាអំពើហិង្សាផ្លូវចិត្ត ផ្លូវកាយ និងផ្លូវភេទ ហើយប៉ះពាល់ដល់ទំនាក់ទំនងទៀតផង។

ធីតា៖ វត្តី ហេតុអ្វីបានជាស្រ្តីយើងងាយនិងទទួលរងនូវការចាប់បង្ខំនេះម្លេះ?

វត្តី៖ ហ៊ី! ស្រ្តី និងក្មេងស្រី ងាយនឹងទទួលរងការចាប់បង្ខំព្រោះ ខ្វះចំណេះដឹងអំពីសិទ្ធិទំនាក់ទំនងភេទនិងសិទ្ធិបន្តពូជ ទុកចិត្តលើដៃគូ ហើយខ្លះក៏ទទួលរងការលួងលោម បោកប្រាស់ អូសទាញផ្នែកសញ្ចេតនា ការប្រើកម្លាំងបាយ ការគំរាមកំហែង ការបំភិតបំភ័យ និងការអូសទាញខាងសេដ្ឋកិច្ចជាដើម។ ជាហេតុនាំអោយក្មេងស្រី និងស្រ្តីជាញឹកញាប់ គឺជាជនរងគ្រោះ។

ធីតា៖អូ៎! ចឹងសោះគ្នាអត់ដឹង។ ចឹងការបង្ខំរួមភេទហ្នឹង កើតមានឡើងនៅគ្រប់កន្លែងដែលឬទេ? ហើយនឹងរវាងអ្នកណាជាមួយអ្នកណា?

វត្តី៖ ជាការពិតណាស់ការបង្ខំរួមភេទ អាចកើតមានគ្រប់ទីកន្លែង រួមមាន នៅផ្ទះ គ្រួសារ កន្លែងធ្វើការ សាលារៀន កន្លែងសាធារណៈ វត្តអារាម និងមជ្ឈដ្ឋានដែលគ្មានសុវត្ថិភាព។ល។ ហើយរវាងប្តីប្រពន្ធ ដៃគូ គូសង្សា អ្នកដទៃ។ល។

ធីតា៖ចឹងផងវត្តី! គ្នាឆ្ងល់ថាការបង្ខំរួមភេទអាចមានផលវិបាកមិចខ្លះទៅ?

វត្តី៖ ការបង្ខំរួមភេទអាចមានផលវិបាកជាច្រើន ដូចជា ៖

1. អាចបង្កឱ្យមានរបួសស្នាមលើរាងកាយ ប្រដាប់ភេទ ឆ្លងមេរោគអេដស៍ និងជំងឺកាមរោគ

2. ប៉ះពាល់ដល់មនោសញ្ចេតនា អារម្មណ៍ ផ្លូវចិត្ត ទំនាក់ទំនង ទំនុកចិត្ត និងភាពជឿជាក់

3. បាត់បង់ គុណតម្លៃ កិត្តិយសបុគ្គល និងគ្រួសារ

4. ប៉ះពាល់អារម្មណ៍តានតឹង ធ្លាក់ទឹកចិត្ត ហើយប្រសិនបើករណីធ្ងន់ធ្ងរអាចមានអារម្មណ៍ចង់សម្លាប់ខ្លួន និងអត្តឃាត

5. ប្រឈមនឹងការមានផ្ទៃពោះដោយចៃដន្យ

6. អាចឆ្លងមេរោគអេដស៍ និងជំងឺកាមរោគមួយចំនួន។

ធីតា៖អ៎ចឹងសោះ! ផលប៉ះពាល់ដែលបណ្តាលមកពីការបង្ខំរួមភេទនេះវាផ្តល់ផលវិបាកដល់ស្ត្រីនិងក្មេងស្រីខ្លំាងណាស់ ។ ចុះវត្តីធីតា ការព្រមព្រៀងរួមភេទមានន័យដូចម្តេចទៅ? ហើយចុះអ្នកដែលចាប់បង្ខំគេហ្នឹងមានទោសអីដែរ?

វត្តី៖ ការព្រមព្រៀងរួមភេទ មានន័យថា ការយល់ព្រម ស្ម័គ្រចិត្តរួមភេទជាមួយគ្នា ។ ការបង្ខំរួមភេទកើតមាននៅពេលនរណាម្នាក់ចាប់បង្ខំ ឬប៉ុនប៉ងចាប់បង្ខំរួមភេទ។ អ្នកចាប់បង្ខំត្រូវប្រឈមមុខនឹងការដាក់ទោសទណ្ឌទៅតាមផ្លូវច្បាប់។

 

ធីតា៖វត្តី តើអែងធ្លាប់ដឹងរឿងច្បាប់ទេ ចុះបើសិនជាមានគេរំលោភបំពាន តើទោសទណ្ឌយ៉ាងណាដែរ?

វត្តី៖ តើអែងមានចាំទេមុននេះហា៎​ អ្នកគ្រូបានយកសៀវភៅច្បាប់យកមកអានអោយយើងស្តាប់ហ៎?អេ៎! គ្នាយកសៀវភៅមកដែរតើ។

ធីតា៖ចឹង ឥឡូវឯងអាចអានអោយយើងស្តាប់បានទេ។

វត្តី៖ អឹម មិនអីទេតោះ មាត្រា ២៣៩៖ បទរំលោភសេពសន្ថវៈ

គ្រប់អំពើបញ្ចូលអង្គជាតិ តាមបែបណាក៏ដោយ ឬអំពើបញ្ចូលឧបករណ៍ណាមួយទៅក្នុងអង្គជាត ដែលប្រព្រឹត្តទៅលើអ្នកដទៃ ទោះបីមានភេទដូចគ្នា ឬមិនដូចគ្នាក៏ដោយ ដោយប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬការឆ្មក់ឱកាស គឺជាបទរំលោភសេពសន្ថវៈ។

បទរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០​ (ដប់) ឆ្នាំ។

នីតិភាពនៃការរួមភេទត្រូវបានកំណត់ចាប់ពីអាយុ ១៥ (ដប់ប្រាំ) ឆ្នាំ ឡើងទៅ។

ធីតា៖​ អូ៎! ចឹងផង បទរំលោភសេពសន្ថវៈទោសធ្ងន់ធ្ងរដល់ម្លឹងផង។ តោះអាលូវមើលមាត្រាបន្តទៀតចាំមើលគេថាមិចណ៎ ។

វត្តី៖ មាត្រា ២៤៦៖ បទប្រទូស្តកេរ្តិ៍ខ្មាស

គ្រប់អំពើប៉ះពាល់ ស្ទាបអង្អែលកេរ្តិ៍ភេទ ឬផ្នែកកេរ្តិ៍ភេទផ្សេងទៀតរបស់បុគ្គលដទៃ តែបុគ្គលនេះមិនស្ម័គ្រផងទេ ឬបង្ខំបុគ្គលដទៃឱ្យប្រព្រឹត្តអំពើនេះមកលើខ្លួន ឬទៅលើតតិយបុគ្គលក្នុងគោលបំណងធ្វើឱ្យរំជួល ឬរីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើស គឺជាអំពើប្រទូស្តកេរ្តិ៍ខ្មាស។

អំពើប្រទូស្តកេរ្តិ៍ខ្មាសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ ២.០០០.០០០     (ពីរលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល។

ធីតា៖អ៎! អាហឹ្នងគេថាបទប្រទូស្តកេរ្តិ៍ខ្មាសចឹងមនុស្សស្រីយើងអាចការពារខ្លួនបានមិនចេះតែអោយគេមកប៉ះពាល់ស្ទាបអង្អែលទេ។

វត្តី៖ ឥឡូវយើងដឹងពីមាត្រានឹងហើយ ចឹងយើងមកមើលមាត្រា ២៤៩៖ បទបង្ហាញកេរ្តិ៍ភេទ

អំពើបង្ហាញកេរ្តិ៍ភេទដែលនាំឱ្យអ្នកដទៃមើលឃើញ នៅក្នុងទីកន្លែងមួយដែលសាធារណៈជនអាចមើលឃើញត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ថ្ងៃ ទៅ ៣ (បី) ខែ និងពិន័យជាប្រាក់ ១០០.០០០ (មួយសែន) រៀល ទៅ ៥០០.០០០ (ប្រាំសែន) រៀល។

ធីតា៖​អ៎ ដល់ថ្នាក់ហ្នឹងផងហ៎! គ្រាន់តែបង្ហាញដល់សាធារណះចឹងសោះក៏មានទោសដែល គ្នាអត់ដែលដឹងសោះ។

វត្តី៖ អឺ! ឥឡូវយើងចូលដល់មាត្រាចុងក្រោយវិញម្តងណ៎ មាត្រា ២៥០៖ បទរុកកួនផ្លូវភេទ

អំពើរុកកួនផ្លូវភេទ គឺជាអំពើដែលបុគ្គលម្នាក់រំលោភអំណាចដែលមុខងាររបស់ខ្លួនប្រគល់ឱ្យ ធ្វើការគាបសង្កត់ម្តងហើយម្តងទៀតទៅលើអ្នកដទៃ ក្នុងគោលបំណងទទួលការអនុគ្រោះខាងផ្លូវភេទ។

អំពើរុកកួនផ្លូវភេទត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ថ្ងៃ ទៅ ៣ (បី) ខែ និងពិន័យជាប្រាក់ ១០០.០០០     (មួយសែន) រៀល ទៅ ៥០០.០០០ (ប្រាំសែន) រៀល។

ធីតា៖អរគុណវត្តី! ខ្ញុំបានយល់ដឹងអំពីសិទ្ធិទំនាក់ទំនងភេទ និងសិទ្ធិបន្តពូជ ព្រមទំាង មាត្រាច្បាប់សម្រាប់ដាក់ទោសដល់ជនល្មើស ហើយកាន់តែធ្វើអោយខ្ញុំអាចការពារខ្លួនអោយមានសុវត្ថិភាពខ្ពស់ និងចែករំលែកទៅមិត្តភក្ត ឬអ្នកជុំវិញកាន់តែច្បាស់លាស់។

វត្តី៖ អឺ មិនអីទេ យើងជាយុវវ័យត្រូវតែយល់ដឹង និងចែករំលែកចំណេះដឹងគ្នា។

 

ប្រភពនិងឯកសារយោង៖

ឯកសារយោង៖ ក្រសួងអប់រំយុវជននិងកីឡា សៀវភៅថ្នាក់ទី១១ បោះពុម្ភ ថ្ងៃទី៩ខែមីនា ឆ្នាំ២០២១ ជំពូក១ មេរៀនទី២ ទំព័រទី៣០ ដល់៣៤

   ទាញយកឯកសារ

        

 អប់រំសុខភាពថ្នាក់ទី១១